ប្រមុខការពារជាតិកូរ៉េខាងត្បូងជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតអង់គ្លេស អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី

  • Admin Page
  • July 12, 2022
  • Views 179

AKP ភ្នំពេញថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ -

ការិយាល័យរដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូងបាននិយាយថា រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក លី ជុងស៊ូប បានជួបពិភាក្សាជាមួយប្រេសិតកំពូលអង់គ្លេសនៅទីក្រុងសេអ៊ូលកាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី និងសន្តិសុខក្នុងតំបន់។

លោក លី និងលោកឯកអគ្គរដ្ឋទូត កូលីន ជេមស៍ គ្រូកស៍ បានព្រមព្រៀងគ្នាទៅលើតម្រូវការសម្រាប់ការអនុវត្តដ៏ស្មោះត្រង់នៃផ្នែកការពារជាតិនៃ «ក្របខ័ណ្ឌទ្វេភាគីសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ» ដែលលោកប្រធានាធិបតី យូន ស៊ុកយុល និងសមភាគីអង់គ្លេស លោក បូរីស ចនសុន បានអនុម័តកាលពីចុងខែមុន។

លោករដ្ឋមន្ត្រីបានយល់ស្របថា ប្រទេសទាំងពីរចាំបាច់ត្រូវធ្វើការងាររួមគ្នាដើម្បីធ្វើឱ្យបណ្តាញនៃកិច្ចសន្ទនាការពារជាតិជាទៀងទាត់នៅលើផែនការរបស់ពួកគេដើម្បីរៀបចំសម័យប្រជុំដំបូងនៃកិច្ចសន្ទនាយុទ្ធសាស្ត្រការពារជាតិអនុរដ្ឋមន្ត្រីរបស់ពួកគេនៅទីក្រុងឡុងដ៍នៅថ្ងៃទី១៨ ខែកក្កដាខាងមុខនេះ។

លោកក៏បានអំពាវនាវឱ្យមានការពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខសាយប័រផងដែរ ហើយបានស្នើឱ្យចក្រភពអង់គ្លេសបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កូរ៉េខាងត្បូងសម្រាប់ការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងការបង្កើតសន្តិភាពនៅលើឧបទ្វីបកូរ៉េ។

លោក គ្រូកស៍ បាននិយាយថា ចក្រភពអង់គ្លេសដែលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងបន្តគាំទ្រតួនាទីរបស់ទីក្រុងសេអ៊ូលដើម្បីសន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ៕(ប្រភព យ៉ុនហាប់ បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល

korean

Recently Posts