ទីក្រុងបាងកកទប់ទល់នឹងរលកទីប្រាំមួយនៃការផ្ទុះឡើងនៃជំងឺកូវីដ-១៩

  • Admin Page
  • July 26, 2022
  • Views 137

AKP ភ្នំពេញថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ -

 

រដ្ឋបាលទីក្រុងបាងកក (BMA) និយាយថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចដើម្បីទប់ទល់នឹងរលកមួយផ្សេងទៀតនៃការឆ្លងរាលដាលជំងឺរាតត្បាតកូវីដ-១៩ ខណៈដែលទីក្រុងនេះអាចប្រឈមមុខនឹងអ្នកជំងឺរាប់ម៉ឺននាក់នៅពេលវាឡើងដល់កម្រិតកំពូលនៅចុងខែសីហា។

 

លោកវេជ្ជបណ្ឌិត យ៉ុង ពូវ៉ូរ៉ាវ៉ាន់ ប្រធានមជ្ឈមណ្ឌលឧត្តមភាពផ្នែកព្យាបាលរោគនៅមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យជូឡាឡុងកន បាននិយាយថា ចំនួនអ្នកឆ្លងថ្មីបាននិងកំពុងកើនឡើងជាលំដាប់ក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ជាពិសេសនៅទីក្រុងបាងកក ដែលមានពាក់កណ្តាលនៃករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ទូទាំងប្រទេស។ លោកបាននិយាយបន្ថែមថា នេះគឺជាសញ្ញានៃការខិតជិតមកដល់មួយទៀតនៃរលកនៃការផ្ទុះឡើងករណីឆ្លងរាលដាលជំងឺកូវីដ-១៩។

 

លោកបាននិយាយថា ការផ្លាស់ប្តូរនៃប្រភេទវ៉ារ៉្យង់នៃជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលពីវ៉ារ៉្យង់រងប្រភេទ BA.2 នៃវ៉ារ៉្យង់បម្លែងថ្មីអូមីក្រុង ទៅជាវ៉ារ៉្យង់រងប្រភេទ BA.5 ដែលនៅពីក្រោយនៃការកើនឡើងករណីឆ្លងនាពេលថ្មីៗនេះ។

 

ដោយកំពុងប្រឈមមុខនឹងការផ្ទុះឡើងនៃវ៉ារ៉្យង់រងប្រភេទ BA.5 នៃវ៉ារ៉្យង់បម្លែងថ្មីអូមីក្រុងនៅក្នុងទីក្រុងមួយនេះ អភិបាលទីក្រុងបាងកក លោក ឆាដឆាត់ ស៊ីតទីពុនទ៍ បាននិយាយថា លោកបានបញ្ជាឱ្យចាត់វិធានការដំបូងចំនួនបួនដើម្បីទប់ទល់នឹងការកើនឡើងនៃករណីឆ្លងជំងឺកូវីដ-១៩។

 

វិធានការទាំងនោះរួមមាន ការបន្ថែមថ្ងៃធ្វើការងារសម្រាប់មណ្ឌលសុខភាពសាធារណៈទាំង៦៩ ដែលស្ថិតក្រោម BMA នៅថ្ងៃសៅរ៍ ការបើកស្តង់ចាក់វ៉ាក់សាំងតាមមណ្ឌលរៀងរាល់ថ្ងៃសុក្រ និងថ្ងៃសៅរ៍ ការពិនិត្យជំងឺកូវីដ-១៩ យ៉ាងសកម្មនៅតាមសាលារៀន និងយុទ្ធនាការចាក់វ៉ាក់សាំងយ៉ាងសកម្មដោយផ្តោតសំខាន់ទៅលើក្រុមងាយរងគ្រោះ៕(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល

photo_2022-07-25_17-11-47
Recently Posts