លោកស្រី Pelosi ធ្វើ​ទស្សនកិច្ច​នៅ​ជប៉ុន ​បន្ទាប់ពី​ទៅ​កោះ​តៃវ៉ាន់​បង្ក​ឲ្យ​ទីក្រុង​ប៉េកាំង​ធ្វើ​សមយុទ្ធ​យោធា

  • Admin Page
  • August 05, 2022
  • Views 268

22ec8f731bcd226cdd0ec15c7d2952c5
7dd23b17897a9d7e8d0c934a0bc7182e
b553120630b0f4b5e6c11d57f23ebe68

ជប៉ុន៖ ប្រធានសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi ជួបជាមួយមន្ត្រីជប៉ុននៅទីក្រុងតូក្យូនៅថ្ងៃសុក្រនេះ បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងបានឆ្លើយតបដោយការធ្វើសមយុទ្ធយោធាមិនធ្លាប់មានពីមុនមក និងការបាញ់មីស៊ីលដែលមីស៊ីលចំនួន ៥គ្រាប់បានធ្លាក់នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។ 

​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​ខ្លី​របស់​លោកស្រី Pelosi ទៅកាន់​កោះ​តៃវ៉ាន់​ ជាទី​ដែល​លោកស្រី​បាន​មក​ដល់​ដោយ​គ្មាន​ការ​ប្រកាស​ជាមុន​ ជាមួយ​គណៈប្រតិភូ​សភា​កាលពី​យប់​ថ្ងៃ​អង្គារ និង​បាន​ចាក​ចេញ​កាលពី​ថ្ងៃ​ពុធ គឺជា​ដំណើរ​ទស្សនកិច្ច​កម្រិត​ខ្ពស់​បំផុត​របស់​សហរ​ដ្ឋ​អាមេរិក​ទៅកាន់​កោះ​ស្វ័យ​គ្រប់គ្រង ដែល​ប្រទេស​ចិន​អះ​អាង​ថា​ជា​ខេត្ត​មួយ​របស់​ខ្លួន​ក្នុង​រយៈពេល ២៥​ឆ្នាំ​កន្លង​ទៅ​នេះ​។​ ​ដំណើរ​ទស្សនកិច្ច​នេះ​ក៏បាន​ធ្វើឡើង​ ខណៈ​ទីក្រុង​តូ​ក្យូ​ដែល​ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​បំផុត​មួយ​របស់​ទីក្រុង​វ៉ាស៊ីនតោន​ ព្រួយបារម្ភ​កាន់​តែខ្លាំង​អំពី​ការកើនឡើង​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក និង​លទ្ធភាព​ដែល​ទីក្រុង​ប៉េកាំង​អាច​មាន​ប្រតិបត្តិការ​សឹក​ប្រឆាំង​កោះ​តៃវ៉ាន់​។ លោកស្រី Pelosi បាន​សរសើរ​លទ្ធិប្រជាធិបតេយ្យ​របស់​កោះ​តៃវ៉ាន់ និង​បាន​សន្យា​សាមគ្គីភាព​របស់​អាមេរិក​។

ទីក្រុង​ប៉េកាំង​បាន​ឆ្លើយតប​ដោយ​សម​យុទ្ធ​យោធា​ ដែល​ទូរទស្សន៍​រដ្ឋ​មួយ​បាន​រាយការណ៍​ថា​ នឹង​ក្លាយ​ជា​សមយុទ្ធ​ធំ​បំផុត​របស់​ប្រទេស​ចិន​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ រួម​ទាំង​ការ​បាញ់​គ្រាប់​ពិត​នៅលើ​ដែន​ទឹក និង​ដែនអាកាស​ជុំវិញ​កោះ​នេះ​។ មី​ស៊ី​ល​ចំនួន ៥​​គ្រាប់​បាន​ធ្លា​ក់​នៅ​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់​ប្រទេស​ជប៉ុន​ ដែល​ជំ​រុញឱ្យ​ទីក្រុង​តូ​ក្យូ​តវ៉ា​យ៉ាង​ខ្លាំង​។ ​ជប៉ុន​ដែល​មាន​កោះ​ភាគ​ខាង​ត្បូង​នៅ​ជិត​បំផុត​កោះ​តៃវ៉ាន់​បាន​ព្រមាន​ថា ​ការ​បំភិត​បំភ័យ​របស់​ចិន​មកលើ​កោះ​​តៃវ៉ាន់​ គឺជា​ការ​គំរាម​កំហែង​សន្តិសុខ​ជាតិ​កាន់​តែ​ខ្លាំង​ឡើង​។ លោកស្រី Pelosi បាន​មក​ដល់​ប្រទេស​ជប៉ុន​ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ជា​កន្លែង​ដែល​លោកស្រី​បាន​ប្តេជ្ញា​គាំទ្រ​ក្នុង​ការ​លុបបំបាត់​នុយ​ក្លេ​អ៊ែរ​ប្រទេស​កូរ៉េខាងជើង៕

 

អត្ថបទ៖ ប៊ុនថន

Recently Posts