លោក បូរីស ចនសុន មានបំណងទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែនមុនពេលលោកលាលែងពីតំណែង

  • Admin Page
  • July 26, 2022
  • Views 141

AKP ភ្នំពេញថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ -

 

កាសែតដេលីអិចប្រេសស៍បានរាយការណ៍កាលពីថ្ងៃអាទិត្យដោយដកស្រង់ពីប្រភពមួយថា ប្រមុខរដ្ឋាភិបាលអង់គ្លេស លោក បូរីស ចនសុន គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ុយក្រែន មុនពេលដែលលោកចាកចេញពីតំណែងជានាយករដ្ឋមន្ត្រីអង់គ្លេស។

 

ប្រភពនោះបានប្រាប់កាសែតខាងលើថា «លោក បូរីស ចនសុន កំពុងមានអារម្មណ៍ថាមានបន្ទុកនៃទំនួលខុសត្រូវដោយបានធ្វើជាអ្នកគាំទ្រដ៏ធំបំផុតរបស់ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី។ លោក បូរីស ចនសុន សង្ឃឹមថានឹងឃើញលោក ហ្សេលេនស្គី ម្តងទៀតមុនពេលលោកចាកចេញពីតំណែង»។

 

កាលពីខែមិថុនា លោក ចនសុន បានប្រកាសកញ្ចប់ជំនួយយោធាមួយផ្សេងទៀតដែលមានតម្លៃចំនួន ១ប៊ីលានផោន (១,២ប៊ីលានដុល្លារអាម៉េរិក) សម្រាប់ប្រទេសអ៊ុយក្រែន។ កាលពីថ្ងៃព្រហស្បត្តិ៍ គេបានដឹងថា ចក្រភពអង់គ្លេសគ្រោងនឹងបញ្ជូនកាំភ្លើងធំរាប់សិបដើម អាវុធប្រឆាំងរថក្រោះចំនួន ១ ៦០០ គ្រាប់រំសេវចំនួន ៥០ ០០០ គ្រាប់ រ៉ាដាប្រឆាំងអាគុយ និងយន្តហោះគ្មានមនុស្សបើករាប់រយគ្រឿងទៅកាន់ប្រទេសអ៊ុយក្រែនក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ដូច្នេះហើយ ទឹកប្រាក់សរុបនៃជំនួយយោធារបស់ទីក្រុងឡុងដ៍ដល់ទីក្រុងគៀវបានឈានដល់តម្លៃ ២,៣ប៊ីលានផោន (២,៧ប៊ីលានដុល្លារអាម៉េរិក) ចាប់តាំងពីចុងខែកុម្ភៈមក។

 

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃទី២៤ ខែកុម្ភៈថា ដើម្បីឆ្លើយតបទៅនឹងសំណើរបស់ប្រមុខនៃសាធារណរដ្ឋប្រជាមានិតដុនបាសស៍ លោកបានធ្វើការសម្រេចចិត្តដើម្បីធ្វើប្រតិបត្តិការយោធាពិសេសមួយ។ មេដឹកនាំរុស្ស៊ីរូបនេះបានសង្កត់ធ្ងន់ថា ទីក្រុងមូស្គូមិនមានផែនការកាន់កាប់ទឹកដីអ៊ុយក្រែនឡើយ។ ជាការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់រុស្ស៊ី បណ្តាប្រទេសលោកខាងលិចបានចាប់ផ្តើមដាក់ទណ្ឌកម្មទ្រង់ទ្រាយធំជាបណ្តើរៗ។ ក្នុងពេលជាមួយគ្នានោះ បណ្តារដ្ឋលោកខាងលិចបានចាប់ផ្តើមផ្គត់ផ្គង់ដល់ទីក្រុងគៀវនូវសព្វាវុធ និងឧបករណ៍យោធាដែលមានតម្លៃរាប់ពាន់លានដុល្លារនៅដំណាក់កាលបច្ចុប្បន្ននេះ៕(ប្រភព តាសស៍ បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល

photo_2022-07-25_17-34-00
Recently Posts