អតីតភ្នាក់ងារចារកិច្ច (CIA) បង្ហាញពីលទ្ធភាពជម្រើសបីដែលអាម៉េរិកអាចប្រើប្រាស់ក្នុងករណីរុស្ស៊ីពិតជាប្រើអាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែនមែន

  • Admin Page
  • October 07, 2022
  • Views 376

633feff90eaac
633feff9021e8
633feff8e8eb9

រុស្ស៊ី៖ ខណៈលទ្ធភាពនៃសង្គ្រាមនុយក្លេអ៊ែរហាក់ដូចជាមិនទំនងជាអាចកើតមានឡើងនោះ តែក៏មិនមែនមានន័យថាវាមិនអាចទៅរួចនោះដែរ ស្របពេលដែលលោកប្រធានាធិបតីពុទីនធ្លាប់បានព្រមានម្តងហើយម្តងទៀតអំពីការប្រើប្រាស់វិធានការយោធាគ្រប់បែបយ៉ាងរបស់លោក ដើម្បីធានាការពារប្រទេសរុស្ស៊ីពីការគំរាមកំហែងរបស់ក្រុមប្រទេសបស្ចិមលោក។
ពាក់ព័ន្ធទៅនឹងបញ្ហានេះដែរ លោក Matthew Kroenig ជាអ្នកជំនាញវិទ្យាសាស្រ្តនយោបាយនិងជាអតីតមន្រ្តីភ្នាក់ងារចារកម្ម (CIA) របស់អាម៉េរិកបានធើ្វការប៉ាន់ស្មានថា សហរដ្ឋអាម៉េរិកអាចនឹងប្រើប្រាស់ជម្រើស ៣ ដើម្បីឆ្លើយតបទៅនឹងប្រទេសរុស្ស៊ីក្នុងករណីដែលអាវុធនុយក្លេអ៊ែរពិតជាត្រូវបានប្រើប្រាស់នៅក្នុងសង្គ្រាមអ៊ុយក្រែនមែននោះ។
ជម្រើសទី ១ នោះ គឺជាការបន្ដបង្កើនការដាក់ទណ្ឌកម្មកាន់តែខ្លាំងឡើងៗ រួមនិងការផ្តល់គ្រឿងសព្វាវុធទំនើបៗកាន់តែច្រើនទៅដល់អ៊ុយក្រែន ហើយនិងការដាក់បន្ថែមកងកម្លាំងយោធារបស់ខ្លួននៅតាមបណ្ដាប្រទេសដែលជាសមាជិកអង្គការណាតូនៅក្នុងតំបន់អឺរ៉ុបខាងកើត។ ហើយជម្រើសទីមួយនេះសម្រាប់លោក Matthew Kroenig ខ្លួនឯង គិតថានឹងមិនអាចធើ្វឱ្យលោកពុទីនបញ្ចប់សកម្មភាពរបស់ខ្លួនបាននោះទេ តែផ្ទុយទៅវិញ វានឹងកាន់តែលើកទឹកឱ្យលោកបន្ដធើ្វការវាយប្រហារលើប្រទេសអ៊ុយក្រែនដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរជាលើកទី ២ និងទី ៣ បន្ថែមទៀត។
ជម្រើសទី ២ រដ្ឋាភិបាលអាម៉េរិកអាចនឹងប្រើប្រាស់នោះគឺ នឹងដឹកនាំបើកការវាយប្រហារដោយផ្ទាល់រួមគ្នាជាមួយនិងសម្ព័ន្ធមិត្តណាតូដោយប្រើប្រាស់កងកម្លាំងចម្រុះដែលមិនមានជាកម្លាំងនុយក្លេអ៊ែរ លើវត្តមានយោធារបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនហើយនិងក្នុងតំបន់សមុទ្រខ្មៅ។ ហើយជម្រើសទីពីរនេះទៀតសោត ក៏អាចនឹងបង្កឱ្យសង្គ្រាមលោកទី ៣ផ្ទុះឡើងជាផ្លូវការផងដែរ ក្នុងករណីដែលប្រទេសរុស្ស៊ីធើ្វការសងសឹកពេញទំហឹងមកលើក្រុមប្រទេសលោកខាងលិច។
ចំណែកជម្រើសទី ៣ ជាម្រើសចុងក្រោយនោះគឺ សហរដ្ឋអាម៉េរិកប្រហែលជាត្រូវបង្ខំចិត្តប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួនទៅលើប្រទេសរុស្ស៊ី ដើម្បីជាការគោរពទៅតាមការសន្យារបស់ខ្លួនក្នុងពេលកន្លងមកទៅតាមយុទ្ធសាស្រ្ត Nuclear Deterrence ដែលអាម៉េរិកបានបង្កើតឡើងតាំងពីដើមរៀងមកដើម្បីជាសញ្ញាព្រមានមួយទៅដល់បណ្ដាប្រទេសជាសត្រូវដែលរួមមានដូចជាកូរ៉េខាងជើងជាដើម ដែលមានន័យថា “ត្រូវរារាំងបង្អាក់ទឹកចិត្តសត្រូវកុំឱ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរតាមរយៈការសម្តែងកម្លាំងសព្វាវុធនុយក្លេអ៊ែរ“ ដើម្បីបង្ហាញត្រឡប់ទៅកាន់សត្រូវថា ពួកគេទាំងនោះនឹងមិនមានអ្វីចំណេញក្នុងការវាយប្រហារមកលើអាម៉េរិកហើយនិងក្រុមសម្ព័ន្ធមិត្តនោះឡើយ៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Newsweek

Recently Posts