សហរដ្ឋអាមេរិកនឹងធ្វើការឆ្លើយតប ប្រសិនបើប្រទេសចិនមានប្រតិកម្មផ្នែកយោធាចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី ប៉េឡូស៊ី ទៅកាន់កោះតៃវ៉ាន់

  • Admin Page
  • August 03, 2022
  • Views 221

AKP ភ្នំពេញថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ -

 

អ្នកនយោបាយអាមេរិក លោក Newt Gingrich បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Fox News ថា សហរដ្ឋអាមេរិកនឹងសងសឹកវិញយ៉ាងខ្លាំង ប្រសិនបើប្រទេសចិនឆ្លើយតបផ្នែកយោធាចំពោះដំណើរទស្សនកិច្ចដ៏មានសក្តានុពលរបស់ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ទៅកាន់កោះតៃវ៉ាន់។

 

លោក Gingrich ដែលបានទៅទស្សនាកោះនោះកាលពីក្នុងឆ្នាំ១៩៩៧ ក្នុងពេលដែលលោកបានកាន់តំណែងជាប្រធានសភាសហរដ្ឋអាមេរិកក្នុងរដ្ឋបាលលោក គ្លីនតុន នោះបាននិយាយថា «ករណីដ៏អាក្រក់បំផុត - ប្រសិនបើពួកគេបាញ់ទម្លាក់យន្តហោះរបស់លោកស្រី ហើយវានឹងក្លាយជាសង្រ្គាមមួយដ៏ពិតប្រាកដ។ យើងនឹងគ្មានជម្រើសអ្វីក្រៅពីការសងសឹកដ៏ខ្លាំងនោះទេ។ កាលពីមុន អ្នកនយោបាយនៅសហរដ្ឋអាមេរិកដែលជាអ្នករិះគន់ចិនរូបនេះ បានធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំងដែលនៅទីនោះលោកបានកត់សម្គាល់ពីភាពជោគជ័យផ្នែកសេដ្ឋកិច្ចរបស់ប្រទេសចិន ហើយថែមទាំងបានប្តេជ្ញាថាសភាសហរដ្ឋអាមេរិកនឹងជួយក្នុងការបង្រួបបង្រួមដោយសន្តិភាពរវាងកោះតៃវ៉ាន់ និងចិនដីគោក។ ទោះជាយ៉ាងណាក៏ដោយ ក្រោយមកនៅទីក្រុងតៃប៉ិ លោកបានសន្យាថានឹងជួយសម្រួលដល់ការដឹកជញ្ជូនសព្វាវុធទំនើបៗរបស់សហរដ្ឋអាមេរិកទៅកាន់កោះតៃវ៉ាន់ ដែលធ្វើឱ្យទីក្រុងប៉េកាំងមានការខឹងសម្បារយ៉ាងខ្លាំង។ បន្ទាប់មក ក្រសួងការបរទេសចិនបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនកំពុងជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ទីក្រុងប៉េកាំង ហើយបានសម្តែងក្តីសង្ឃឹមថា សហរដ្ឋអាមេរិកដែលបានទទួលស្គាល់គោលការណ៍ «ចិនតែមួយ» នឹងគាំទ្រពាក្យសម្តីរបស់ខ្លួនជាមួយនឹងសកម្មភាព។

 

កាលពីថ្ងៃអាទិត្យ គណៈប្រតិភូដែលដឹកនាំដោយលោកស្រី ប៉េឡូស៊ី បានចាកចេញទៅកាន់តំបន់អាស៊ីក្នុងគោលបំណងបំពេញទស្សនកិច្ចនៅប្រទេសសិង្ហបុរី ម៉ាឡេស៊ី កូរ៉េខាងត្បូង និងជប៉ុន។ ដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់មិនត្រូវបានលើកឡើងទេនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រផ្លូវការរបស់លោកស្រី ប៉េឡូស៊ី។ ទោះជាយ៉ាងណាក៏ដោយ សារព័ត៌មានមួយចំនួនទទូចថា លោកស្រី ប៉េឡូស៊ី នៅតែអាចទៅទស្សនាកោះនេះ។ ដំណើរទស្សនកិច្ចនេះអាចនឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានសភាតំណាងរាស្ត្រសហរដ្ឋអាមេរិកទៅកាន់កោះតៃវ៉ាន់ក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះ។ ទីក្រុងប៉េកាំងបានព្រមានទីក្រុងវ៉ាស៊ីនតោនម្តងហើយម្តងទៀតថា ប្រសិនបើលោកស្រី ប៉េឡូស៊ី ទៅទស្សនាកោះនេះដែលនឹងមានផលប៉ះពាល់ ហើយប្រទេសចិននឹងចាត់វិធានការធ្ងន់ធ្ងរ។

photo_2022-08-03_06-52-25

កោះតៃវ៉ាន់ត្រូវបានគ្រប់គ្រងដោយរដ្ឋបាលក្នុងតំបន់របស់ខ្លួនចាប់តាំងពីឆ្នាំ១៩៤៩ មក នៅពេលដែលកងកម្លាំងគួមីនតាងនៅសេសសល់ដែលដឹកនាំដោយឈៀង កៃសៀក (ឆ្នាំ១៨៨៧-១៩៧៥) បានភៀសខ្លួនទៅកាន់កោះនេះបន្ទាប់ពីទទួលរងបរាជ័យក្នុងសង្គ្រាមស៊ីវិលរបស់ប្រទេសចិន។ ចាប់តាំងពីពេលនោះមក កោះតៃវ៉ាន់បានរក្សាទង់ជាតិ និងនិមិត្តសញ្ញាមួយចំនួនទៀតនៃសាធារណរដ្ឋចិនដែលមាននៅក្នុងប្រទេសចិនដីគោក មុនពេលបក្សកុម្មុយនិស្តឡើងកាន់អំណាច។ ទីក្រុងប៉េកាំងបានចាត់ទុកកោះនេះជាខេត្តមួយក្នុងចំណោមខេត្តរបស់ខ្លួន ហើយគោលជំហរនេះត្រូវបានគាំទ្រដោយប្រទេសភាគច្រើន រួមទាំងរុស្ស៊ីផងដែរ៕(ប្រភព តាសស៍ បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល

Recently Posts