មេដឹកនាំកូរ៉េខាងត្បូង និងជប៉ុន អាចនឹងមានកិច្ចសន្ទនាគ្នាដ៏មានអត្ថន័យក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអង្គការណាតូ

  • Admin Page
  • June 22, 2022
  • Views 155

AKP ភ្នំពេញថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ -

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអង្គារថា មេដឹកនាំកូរ៉េខាងត្បូង និងជប៉ុនអាចនឹងមានកិច្ចសន្ទនាគ្នាប្រកបដោយអត្ថន័យ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅក្នុងប្រទេសអេស្ប៉ាញនៅសប្តាហ៍ក្រោយ។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida គ្រោងនឹងចូលរួមកិច្ចប្រជុំរបស់មេដឹកនាំអង្គការណាតូនៅទីក្រុងម៉ាឌ្រីដនៅថ្ងៃទី២៨-៣០ ខែមិថុនា។

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Park Jin បាននិយាយនៅក្នុងកម្មវិធីទូរទស្សន៍ក្នុងស្រុកមួយថា «មិនទាន់មានការសម្រេចចិត្តណាមួយទេ ប៉ុន្តែមេដឹកនាំទាំងពីរអាចមានឱកាសសន្ទនាគ្នាប្រកបដោយអត្ថន័យក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលរបស់អង្គការណាតូ»។

មានលទ្ធភាពសម្រាប់មេដឹកនាំទាំងពីរក្នុងកិច្ចសន្ទនា ឬការជជែកគ្នាទៅលើបញ្ហាជាច្រើន បើទោះបីជាពួកគេនឹងមិនមានកិច្ចប្រជុំកំពូលនៅខាងក្រៅកិច្ចប្រជុំកំពូលអង្គការណាតូក៏ដោយ។

ចំពោះបញ្ហាសំណងសម្រាប់ជនជាតិកូរ៉េដែលត្រូវបានបង្ខំឱ្យធ្វើការឱ្យបណ្តាក្រុមហ៊ុនជប៉ុនក្នុងអំឡុងពេលគ្រប់គ្រងអាណានិគម លោក Park បាននិយាយថា «វាអាចមានជម្រើសជាច្រើនដើម្បីដោះស្រាយបញ្ហា នេះ ហើយជម្រើសទាំងនោះកំពុងស្ថិតក្រោមការពិចារណា»។

បញ្ហាដែលត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំកំពូលអង្គការណាតូនោះ រួមមានបញ្ហាសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន សមត្ថភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងបញ្ហាទណ្ឌកម្មនានា៕(ប្រភព យ៉ុនហាប់ បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល

photo_2022-06-21_17-54-25

Recently Posts