កោះ​តៃវ៉ាន់​នឹង​ត្រូវ​ទទួលរង​ការ​ជះ​កំហឹង​ពី​ទីក្រុង​ប៉េកាំង បើ​សិន​លោកស្រី Pelosi ធ្វើដំណើរ​ទស្សនកិច្ច​មែន​នោះ​

  • Admin Page
  • July 29, 2022
  • Views 159

កោះ​តៃវ៉ាន់៖ ​កាសែត​លេចធ្លោ​របស់​ទីក្រុង​ហុងកុង South China Morning Post បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា វា​នឹង​លំបាក​ខ្លាំង​សម្រាប់​រដ្ឋបាល​របស់​កោះ​តៃវ៉ាន់ ក្នុង​ការ​បដិសេធ​ទទួល​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​តំណាង​សហរដ្ឋអាមេរិក​លោកស្រី Nancy Pelosi ​ប៉ុន្តែ​ប្រសិនបើ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ពិតជា​កើតឡើង​មែន​នោះ អាជ្ញាធរ​របស់​កោះ​នេះ​នឹង​ត្រូវ​ទទួលរង​ការ​ជះ​កំហឹង​ពី​ទីក្រុង​ប៉េកាំង​មិន​ខាន​ឡើយ​។​

 

​ម្យ៉ាងទៀត​កាសែត​នេះ​បាន​គូស​បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី​ទៅកាន់​កោះ​មួយ​នេះនឹង​បង្ហាញ​ថា ​ទីក្រុង ​Taipei ​បាន​ទទួល​ការ​គាំទ្រ​ពី​ទីក្រុង Washington និង​បង្កើន​ឱកាស​ដល់​បក្ស​កាន់​អំណាច​គឺ​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន ដើម្បី​ឈ្នះ​ការបោះឆ្នោត​ពាក់កណ្ដាល​អាណត្តិ​នៅ​ខែ​វិច្ឆិកា​ខាងមុខ។ ​យ៉ាងណាក៏ដោយ ស្រប​ពេល​ជាមួយគ្នា​នោះ​ផលវិបាក​នានា​បង្កឡើង​ដោយ​ដំណើរ​ទស្សនកិច្ច ​ដែល​ទីក្រុង​ប៉េកាំង​បាន​ព្រមាន​ប្រឆាំង​យ៉ាង​ដាច់អហង្ការនឹង​បង្កើន​សម្ពាធ​យោធា​របស់​ចិន​ទៅលើ​កោះ​នេះ​ទៅវិញ​។​ ​លោក Wang Kung-yi ប្រធាន​ស្រាវជ្រាវ​សង្គម និង​យុទ្ធសាស្ត្រ​អន្តរជាតិ​កោះ​តៃវ៉ាន់​បាន​និយាយ​ថា ស្ថានភាព​នឹង​រឹតតែ​លំបាក​ខ្លាំងសម្រាប់​រដ្ឋាភិបាល​រប​ស់​មេ​ដឹកនាំ​កោះ​តៃវ៉ាន់​លោកស្រី Tsai Ing-wen ក្នុង​ការ​ច្រានចោល​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Pelosi ដែល​ត្រូវ​បាន​ផ្ដល់​ឋានៈ​ដល់​លោកស្រីនៅ​ក្នុង​នយោបាយ​សហរដ្ឋអាមេរិក ហើយ​ថា គេ​បាន​ដឹង​ជា​យូរ​មក​ហើយ​ថា ​លោកស្រី​ជា​អ្នកគាំទ្រ​កោះ​តៃវ៉ាន់។

 

ប៉ុន្តែ​បើ​លោកស្រី​ពិតជា​ទៅ​ធ្វើ​ទស្សនកិច្ច​មែន​នោះ រដ្ឋាភិបាល​របស់​លោក​ស្រី Tsai នឹង​ត្រូវ​ទទួលរង​ការ​ជះ​កំហឹង​ពី​ទីក្រុង​ប៉េកាំង​មិន​ខាន​ឡើយ ដែល​ចិន​បាន​គំរាម​រួច​មក​ហើយ​ថានឹង​ចាត់វិធានការ​ដោយ​កម្លាំង។ ​ចំណែក​អ្នកវិភាគ​ជនជាតិ​តៃវ៉ាន់​ម្នាក់ទៀត​គឺ​លោក Chieh Chung បាន​ព្រមាន​ថា ក្រុង​ប៉េកាំង​នឹង​បង្កើន​សម្ពាធ​យោធា​កាន់​តែ​ខ្លាំង​ទៅ​លើ​កោះ​នេះ អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Pelosi​។ លោក​បន្ថែម​ថា ​កងទ័ព​រំដោះ​ប្រជាជន​ចិន​អាច​នឹង​បញ្ជូន​នាវាចម្បាំង​ឆ្លងកាត់​ខ្សែបន្ទាត់​មេដ្យាន (median line) គឺជា​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស​រប​ស់​កោះ​តៃវ៉ាន់ ឆ្លងកាត់​បន្ទាត់​កណ្ដាល​នៃ​ច្រក​សមុទ្រ​ដែល​ខណ្ឌ​ចែក​កោះ​នេះ និង​ចិនដីគោក​។ កងទ័ព​រំដោះ​ប្រជាជន​ចិន​ក៏​អាច​នឹង​ធ្វើ​សម​យុទ្ធ​បាញ់​គ្រាប់​ពិត​ផង​ដែរ​ នៅ​ជិត​តំបន់​ឆ្នេរ​ភាគ​ខាង​ត្បូង​របស់​កោះ​តៃវ៉ាន់ដោយ​ប្រើ​នាវាចម្បាំង និង​យាន​ដ្រូ​ន​វាយប្រហារ​ជាដើម​៕

ada9202c5c840d06725127399ffab9ca

អត្ថបទ៖ សុខមាន

 

Recently Posts