សហភាពអឺរ៉ុបនឹងបន្តការដាក់ទណ្ឌកម្ម ប្រសិនបើសន្ធិសញ្ញាសន្តិភាពនៅអ៊ុយក្រែនត្រូវបានចុះហត្ថលេខាដោយផ្អែកលើលក្ខខណ្ឌរបស់រុស្ស៊ី

  • Admin Page
  • July 19, 2022
  • Views 164

photo_2022-07-18_18-50-55

AKP ភ្នំពេញថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ -

អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្កូលហ្ស៍ បាននិយាយនៅក្នុងអត្ថបទរបស់លោកសម្រាប់កាសែត Frankfurter Allgemeine Sonntagzeitung ដែលបានចុះផ្សាយកាលពីថ្ងៃអាទិត្យថា សហភាពអឺរ៉ុប (EU) នឹងមិនដកទណ្ឌកម្មដែលដាក់ទោលើប្រទេសរុស្ស៊ីជុំវិញស្ថានភាពនៅអ៊ុយក្រែនទេ ប្រសិនបើទីក្រុងមូស្គូ និងទីក្រុងគៀវចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពដោយផ្អែកទៅលើលក្ខខណ្ឌរបស់រុស្ស៊ី។

លោក ស្កូលហ្ស៍ បាននិយាយថា «ផ្នែកនៃការពិតថ្មី គឺថាសហភាពអឺរ៉ុបក៏បានបង្រួបបង្រួមផងដែរ។ វាបានប្រតិកម្មចំពោះការឈ្លានពានរបស់រុស្ស៊ីជាឯកច្ឆ័ន្ទ និងបានដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរដែលមិនធ្លាប់មានពីមុនមក។ យើងដឹងតាំងពីដំបូងថា យើងនឹងមានសក្តានុពលក្នុងការរក្សាទណ្ឌកម្មទាំងនេះក្នុងរយៈពេលយូរ»។

លោកបាននិយាយបន្ថែមថា «ហើយវាក៏ច្បាស់ដែរថា យើងនឹងមិនដកទណ្ឌកម្មមួយណាទេ នៅក្នុងករណីដែលសន្តិភាពត្រូវបានកំណត់ដោយរុស្ស៊ី។ មិនមានមធ្យោបាយណាផ្សេងទៀតសម្រាប់កិច្ចព្រមព្រៀងជាមួយអ៊ុយក្រែនសម្រាប់រុស្ស៊ី ជាជាងមធ្យោបាយមួយដែលអាចទទួលយកបានដោយប្រជាជនអ៊ុយក្រែននោះទេ»។

លោក ស្កូលហ្ស៍ បានអះអាងថា «យើងនឹងគាំទ្រអ៊ុយក្រែន ដរាបណាប្រទេសនេះនៅតែត្រូវការការគាំទ្រនេះ ដែលរួមមានការគាំទ្រផ្នែកសេដ្ឋកិច្ច មនុស្សធម៌ ហិរញ្ញវត្ថុ និងការដឹកជញ្ជូនសព្វាវុធ»៕(ប្រភព តាសស៍ បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល

Recently Posts