រុស្ស៊ីនឹងកំណត់លក្ខខណ្ឌតឹងតែងជាងមុនក្នុងករណីមានកិច្ចចរចាឡើងវិញជាមួយទីក្រុងគៀវ

  • Admin Page
  • July 20, 2022
  • Views 131

9a812fd5-c8fb-40d9-95fd-e569ba48a4f6

AKP ភ្នំពេញថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ -

លោក លីអូនីដ ស្ល៊ុតស្គី Slutsky មេដឹកនាំគណបក្សប្រជាធិបតេយ្យសេរី (LDPR) របស់រុស្ស៊ី និងជាសមាជិកគណៈប្រតិភូរុស្ស៊ីដែលចូលរួមកិច្ចពិភាក្សាជាមួយអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ីនឹងដាក់លក្ខខណ្ឌតឹងតែងជាងមុនទៀត ទាំងខ្លឹមសារ និងពេលវេលា ប្រសិនបើកិច្ចចរចាជាមួយអ៊ុយក្រែនត្រូវបានបន្តឡើងវិញ។

លោក ស្ល៊ុតស្គី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា «នៅថ្ងៃនេះ លក្ខខណ្ឌពីភាគីរបស់យើងនឹងកាន់តែតឹងតែងជាងមុននូវផ្នែកគ្មានយោធា ដែលកាន់តែតឹងតែងទាំងនៅក្នុងខ្លឹមសារ និងក្នុងពេលវេលានៃប្រតិបត្តិ។ ខ្ញុំសង្កត់ធ្ងន់ថា នេះ គឺប្រសិនបើដំណើរការនៃកិច្ចចរចាត្រូវបានបន្តឡើងវិញ»។

លោកបាននិយាយបន្ថែមថា «រហូតមកដល់ពេលនេះ មន្ត្រីរបស់ទីក្រុងកៀវមិនបានបង្ហាញឆន្ទៈក្នុងការបន្តកិច្ចចរចាទេ»។

នៅពេលមុននេះ ជំនួយការរបស់វិមានក្រឹមឡាំង លោក យូរី អ៊ូស្សាកូវ បាននិយាយថា ទីក្រុងមូស្គូមិនឃើញមានការចាប់អារម្មណ៍ណាមួយរបស់ទីក្រុងគៀវ និងលោកខាងលិចក្នុងការបន្តកិច្ចចរចារវាងរុស្ស៊ី-អ៊ុយក្រែនឡើយ ប៉ុន្តែលោកបានព្រមានថា លក្ខខណ្ឌសម្រាប់ទំនាក់ទំនងបែបនេះនឹងមានភាពខុសគ្នា។ លោក អ៊ូស្សាកូវ ក៏បានរំលឹកផងដែរថា កិច្ចចរចារវាងរុស្ស៊ី-អ៊ុយក្រែនត្រូវបានរំខានបន្ទាប់ពីមានកិច្ចព្រមព្រៀងជាគោលការណ៍ទាក់ទងនឹងកិច្ចព្រមព្រៀងទីក្រុងអ៊ីស្តង់ប៊ុល៕(ប្រភព តាសស៍ បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល

Recently Posts