សមយុទ្ធយោធាចិននៅជិតកោះតៃវ៉ាន់ធ្វើឡើងស្របតាមច្បាប់អន្តរជាតិ

  • Admin Page
  • August 09, 2022
  • Views 229

photo_2022-08-09_08-56-20

AKP ភ្នំពេញថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ -

 

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនប៊ីន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទថា សមយុទ្ធរបស់កងទ័ពរំដោះប្រជាជនចិននៅជិតកោះតៃវ៉ាន់ គឺស្របទៅតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ។

 

លោកបានចង្អុលបង្ហាញថា «កោះតៃវ៉ាន់ គឺជាទឹកដីរបស់ប្រទេសចិន។ សមយុទ្ធជាទៀងទាត់របស់ប្រទេសចិននៅក្នុងដែនទឹក និងដែនអាកាសរបស់ខ្លួន គឺជាវិធានការបើកចំហ យុត្តិធម៌ និងប្រកបដោយវិជ្ជាជីវៈ។ ទីភ្នាក់ងារពាក់ព័ន្ធរបស់ចិនបានចេញការជូនដំណឹងអំពីបញ្ហានេះក្នុងពេលសមស្រប»។ លោក វ៉ាង វិនប៊ីន បាននិយាយបន្ថែមថា «វាស្របទៅតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ ក៏ដូចជាការអនុវត្តដែលមានស្រាប់»។

 

អ្នកការទូតរូបនេះមិនបានផ្តល់ចម្លើយផ្ទាល់ទេ នៅពេលដែលសួរថា តើសមយុទ្ធបានបញ្ចប់ហើយឬនៅ ហើយថាតើនឹងមានការជូនដំណឹងអំពីរយៈពេលនៃការធ្វើសមយុទ្ធនេះដែរឬទេ។

 

កាលពីថ្ងៃព្រហស្បត្តិ៍ កងកម្លាំងប្រដាប់អាវុធចិនបានបើកសមយុទ្ធយោធាទ្រង់ទ្រាយធំដែលពាក់ព័ន្ធនឹងការបាញ់គ្រាប់ពិតនៅតំបន់ចំនួនប្រាំមួយនៅជុំវិញកោះតៃវ៉ាន់។ សមយុទ្ធនេះត្រូវបានគេរំពឹងថានឹងបញ្ចប់នៅពេលថ្ងៃត្រង់កាលពីថ្ងៃអាទិត្យ ប៉ុន្តែចាប់តាំងពីពេលនោះមក មេបញ្ជាការភាគខាងកើតរបស់ប្រទេសចិនបានប្រកាសពីរដងនៃការបន្តសមយុទ្ធនេះដែលបានចាប់ផ្តើមនៅថ្ងៃបន្ទាប់ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងសហរដ្ឋអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ទៅកាន់កោះតៃវ៉ាន់៕(ប្រភព តាសស៍ បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល

Recently Posts