អគារសាខាគយ និងរដ្ឋាករថ្មី នៅខេត្តស្វាយរៀង បើកសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ

  • Admin Page
  • July 29, 2022
  • Views 154

អគារសាខាគយ និងរដ្ឋាករថ្មីនៅខេត្តស្វាយរៀង បើកសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ សម្រាប់ជាទីកន្លែងធ្វើការមួយដ៏ស័ក្ដិសម របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្នុងការបំពេញការងារគយ និងរដ្ឋាករកាន់តែល្អប្រសើរ ស្របតាមបរិបទនៃការរីកចម្រើនរបស់កម្ពុជា។

 

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុង ពិធីសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលថ្មី សាខាគយ និងរដ្ឋាករខេត្តស្វាយរៀង នៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២២ នេះថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះបានចាត់ទុកវិស័យសេដ្ឋកិច្ច ក៏ជាវិស័យជាអាទិភាពមួយដ៏សំខាន់ ក្នុងការជួយកសាង ការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ។ ជាក់ស្តែងនៅក្នុងរយៈពេលជិតបួនទសវត្សរ៍កន្លងមក, ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាសម្រេចបាននូវសុខសន្តិភាពពេញលេញ, បូរណភាពទឹកដី, សាមគ្គីភាពជាតិ និងស្ថិរភាពនយោបាយ ជាសមិទ្ធផលដ៏ធំធេងសម្រាប់ប្រទេសជាតិ និងប្រជាជាតិកម្ពុជាទាំងមូល, ហើយជាមូលដ្ឋានមិនអាចខ្វះបានក្នុងការពន្លឿនកិច្ចអភិវឌ្ឍជាតិប្រកបដោយនិរន្តភាព ។

 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ចំពោះសមិទ្ធិផលអគារសាខាគយ និងរដ្ឋាករថ្មី ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ បានបង្ហាញឱ្យឃើញអំពីកាវិវត្ត ផ្លាស់ប្តូរកន្លែងទីកន្លែងធ្វើការកាន់តែសមរម្យសម្រាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្នុងការបំពេញការងារគយ និងរដ្ឋាករ កាន់តែល្អប្រសើរឡើងថែមទៀត ទោះកាលៈទេសៈនៃការរាតត្បាតជំងីកូវីដ ១៩ ក៍ដោយ។ ជាមួយគ្នានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជំរុញដល់មន្ត្រីក្រោមឱវាទ ត្រូវខិតខំបំពេញការងារតាមតារាងលំហូរនីតិវិធីការងារ ប្រកាន់យកអភិក្រមបួនយ៉ាងគឺ ទី១ អនុវត្តការងារប្រកបដោយវិជ្ជាជីវៈ ទី២អនុវត្តការងារជាក្រុម ទី៣ប្រកាន់ខ្ជាប់ស្មារតីបុរេសកម្ម និងទី៤មិនត្រូវមើលរំលងកំហុសខ្លួនឯង ដោយត្រូវមានការសហការការងារយ៉ាងជិតស្និទ្ធរវាងអង្គភាព ក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គភាពពាក់ព័ន្ធដទៃទៀត នៅក្នុងមូលដ្ឋានរបស់ខ្លួន។

 

នៅក្នុងពិធីនេះ, លោក ហេង សំបូរ ប្រធានសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង ថ្លែងឱ្យដឹងថា ទីតាំងអគារថ្មីរបស់សាខាគយនិងរដ្ឋាករខេត្តស្វាយរៀង ដែលត្រូវដាក់សម្ពោធឱ្យប្រើប្រាស់នៅថ្ងៃនេះ នៅលើផ្ទៃដីសរុប ៧ ៩៩០ ម៉ែត្រការ៉េ ស្ថិតនៅផ្លូវជាតិលេខមួយ ក្នុងភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ចំពោះសមិទ្ធផលដែលសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង ទទួលបានរួមមានអគារដ្ឋបាលមួយខ្នង ប្រកក្បឿងកម្ពស់ ២ជាន់, អគារស្នាក់នៅមួយខ្នង ប្រកក្បឿងកម្ពស់៣ជាន់ មាន ៣០បន្ទប់, អគាឃ្លាំងកម្ពស់មួយជាន់, អគារត្រួតពិនិត្យមួយខ្នង, អគារផ្ទះបាយមួយ, និងអគាកម្សាន្តមួយខ្នង ចំណតឡានពីខ្នងនិងបន្ទប់សាធារណៈមួយ។

 

ជុំវិញការគ្រប់គ្រងប្រមូលចំណូល, លោកបន្តឱ្យដឹងថា សាខាគយ និងរដ្ឋាករខេត្តស្វាយរៀង, មានការិយាល័យគយក្រោមឱវាទចំនួន ៦ រួមមានការិយាល័យរដ្ឋបាល និងគ្រប់គ្រង, ការិយាល័យគយ និងរដ្ឋាករបាវិត, ការិយល័យគយ និងរដ្ឋាករព្រៃវល្លិ, ការិយាល័យគយ និងរដ្ឋាករសំរោង, ការិយាល័យគយ និងរដ្ឋាករបុសមន, និងការិយាល័យគយនិងរដ្ឋាករដូង ក្នុងនោះសម្រាប់ការអនុវត្តចំណូល នៅក្នុងឆមាសទី ១ ឆ្នាំ ២០២២ សាខាគយ និងរដ្ឋាករខេត្តស្វាយរៀង ប្រមូលចំណូលបាន ១៨៨,៥៦ ប៊ីលានរៀល ស្មើរជាង ៩៤% នៃផែនការ បើធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០២១ ឃើញថា កើនឡើងចំនួនប្រមាណ ៤០.២៩ ប៊ីលានរៀល ស្មើជាង ២៧%៕ ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សម្រួលផ្សាយដោយ៖ ធូ កុសល

photo_2022-07-29_11-02-59
photo_2022-07-29_11-53-36
photo_2022-07-29_11-53-41
Recently Posts