ព្រះមហាក្សត្រ៖ កម្ពុជាកំពុងមានស្ថិរភាពនយោបាយសន្តិសុខជាតិពេញលេញ និងត្រូវបានបន្តធានា​ដោយរាជរដ្ឋាភិបាល អាណត្តិទី៧

  • Admin Page
  • November 09, 2023
  • Views 126

ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ព្រះអង្គបានមានព្រះរាជបន្ទូលថា ខណៈដែលកម្ពុជាប្រារព្ធ​ពិធី​ខួប​អនុស្សាវរីយ៍ លើកទី៧០ នៃថ្ងៃបុណ្យឯករាជ្យជាតិខ្មែរ ៩វិច្ឆិកា(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣) និង​ខួបទី៧០ នៃ​ថ្ងៃបង្កើត​កង​យោធពលខេមរភូមិន្ទ​នា​ពេល​នេះ​គឺ​ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​មាន​ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ ពេញលេញ។

ព្រះករុណាព្រះបាទជីវិតលើត្បូង បានមានព្រះរាជបន្ទូលទៀតថា ៩វិច្ឆិកានេះ ជា​ថ្ងៃ​បុណ្យ​ឯករាជ្យ​របស់​ប្រជាជនខ្មែរគ្រប់រូប ហើយប្រជាជន​ចងចាំ​ជានិច្ច​ព្រះរាជបូជនីយកិច្ច​ដ៏​ឧត្តុង​ឧត្តមរបស់​ព្រះករុណា ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត រួម​ដង្ហែ​ដោយ​យុទ្ធជន យុទ្ធនារី ខ្មែរអ្នកស្នេហាជាតិ និងប្រជារាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បី​បុព្វហេតុ​ឯករាជ្យជាតិ។ ថ្ងៃ៩ វិច្ឆិកា នេះ ក៏ចំថ្ងៃខួបលើកទី៧០ នៃការ​បង្កើត​កង​យោធពល​ខេមរភូមិន្ទ​ផងដែរ។

ព្រះអង្គបានមានព្រះរាជបន្ទូលទៀតថា«ខណៈដែលយើងទាំងអស់គ្នា ប្រារព្ធ​ពិធី​ខួប​អនុស្សាវរីយ៍ លើកទី៧០ នៃថ្ងៃបុណ្យឯករាជ្យជាតិខ្មែរ ៩វិច្ឆិកា(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣) និង​ខួបទី៧០ នៃ​ថ្ងៃបង្កើតកងយោធពលខេមរភូមិន្ទនាពេលនេះ គឺក្នុងដំណាក់កាល ដែល​ព្រះរាជាណា​ចក្រកម្ពុជាយើងកំ ពុង​មាន​ស្ថិរភាព​នយោបាយ និង​សន្តិសុខ​ជាតិ​ត្រូវ​បាន​ធានា​ពេញ​លេញ និងស្របពេលដែលរាជរដ្ឋាភិបាល អាណត្តិទី៧ នៃ​រដ្ឋសភា កំពុង​តែ​ចាប់​ផ្តើម​បំពេញ​ភារកិច្ច​ដ៏ឧត្តុង្គឧត្តមតាមតួនាទីរបស់ខ្លួនយ៉ាងសកម្ម»។

នៅក្នុងឱកាសនោះដែរ ព្រះករុណាព្រះមហាក្សត្រ ព្រះអង្គក៏បានមានព្រះរាជបន្ទូលផងដែរថា រយៈ​ពេលកន្លងមកនេះមាតុភូមិកម្ពុជា និងប្រជាពលរដ្ឋ​យើង​មាន​ការ​ប្រែប្រួល​មុខ​មាត់​ថ្មី​គួរ​ឲ្យ​កោត​សរសើរ ខណៈការដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញ​នូវ​យុទ្ធសាស្រ្ត​បច្ចកោណ​ ដំណាក់កាលទី១ និងគោលនយោបាយដ៏ត្រឹមត្រូវក្នុងការប្រតិបត្តិតាមមាគ៌ាដ៏ល្អប្រពៃ និង​មរតកនយោបាយ ដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវសុខសន្តិភាព សាមគ្គីភាព ឯកភាពជាតិ មានកិត្យានុ ភាពជាតិល្បីរន្ទឺលើឆាកអន្តរជាតិ ហើយយើង​ទាំង​អស់​គ្នា​កំពុង​តែ​សប្បាយរីករាយ និងទទួលបានផលជា វិជ្ជមាន ដែលផ្តើមចេញពីកម្លាំងកសាង និង​ការពារ​ជាតិ​មាតុភូមិប្រកបដោយសុខដុមរមនារបស់ជនរួម ជាតិខ្មែរទាំងមូលផងដែរ។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះដែរ ព្រះករុណា ព្រះមហាក្សត្រព្រះអង្គ ក៏បានមានព្រះរាជបន្ទូល អំពាវ​នាវ​ដល់​ប្រជានុរាស្រ្តរបស់ព្រះអង្គគ្រប់មជ្ឈដ្ឋាន សូមបន្តរូបរួមសាមគ្គីគ្នាជាធ្លុងមួយ ស្ថិត​ក្រោម​ដំបូលរដ្ឋធម្មនុញ្ញ នៃច្បាប់រដ្ឋដើម្បីចូលរួមចំណែកនៃការពារ និង​កសាង​មាតុភូមិ​លើ​គ្រប់​វិស័យ ខណៈព្រះ អង្គរំពឹងថា មាតុភូមិ និងប្រជាជន​កម្ពុជា​គ្រប់​រូបពិត​នឹង​ទទួល​បាន​អនាគត​ភ្លឺស្វាង​ក្នុង​ក្តីសង្ឈឹមខ្ពស់ នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ដែលធានាបាន​ឯកភាព​ជាតិ​ដ៏រឹងមាំ​ក្រោម​ទង់​ដ៏ជាងជ័យនៃការមហា សាមគ្គីជាតិ ក្រោមទង់ដ៏សុខសាន្តនៃព្រះពុទ្ធសាសនា និង​ក្រោម​បារមី​ព្រះមហាក្សត្រ ដែលជាបុព្វបុរសជាតិ ជា​ព្រះស្ថាបនិក​ដ៏​ល្បីល្បាញ នៃ​ការ​កសាង​ប្រាង្គ​ប្រាសាទ​ដ៏​ល្អប្រណិត​ស្ថិតនៅស្កឹមស្កៃគ្រប់ទិសទី ក្នុង ទូទាំង​ព្រះរាជាណា​ចក្រ​កម្ពុជា​មាតុភូមិ ដែលជាកេរមរតកជាតិដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់យើង ដោយ​គ្មាន​សត្រូវ​ណាមួយ​រំលោភ​ឈ្លាន​ពានលើបូរណភាពទឹកដីបានឡើយ៕ អត្ថបទ៖ បាន ចក់

h2
Recently Posts