កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការចំពោះបញ្ហាកូរ៉េខាងជើង

  • Admin Page
  • July 12, 2022
  • Views 343

AKP ភ្នំពេញថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ -

យោងតាមក្រសួងការបរទេសសហរដ្ឋអាមេរិកបានឱ្យដឹងថា នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំមួយនៅក្នុងប្រទេសឥណ្ឌូណេស៊ីកាលពីសប្តាហ៍មុន ប្រធានបេសកជននុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នារបស់ពួកគេចំពោះកិច្ចសហប្រតិបត្តិការត្រីភាគីដ៏រឹងមាំប្រឆាំងនឹងការគំរាមកំហែងរបស់កូរ៉េខាងជើង។

លោក គីម ហ្គុនន៍ អ្នកតំណាងពិសេសថ្មីរបស់ទីក្រុងសេអ៊ូលសម្រាប់កិច្ចការសន្តិភាព និងសន្តិសុខនៅឧបទ្វីបកូរ៉េ បានជួបសមភាគីសហរដ្ឋអាមេរិក គឺលោក ស៊ុង គីម និងលោក តាកេហ៊ីរ៉ូ ហ្វ៊ូណាកូស៊ី របស់ប្រទេសជប៉ុននៅលើកោះរមណីយដ្ឋានបាលី ដែលជាកន្លែងដែលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G-20 ត្រូវបានប្រារព្ធធ្វើឡើង។

អ្នកនាំពាក្យក្រសួងការបរទេស លោក ណេដ ប្រាយស៍ បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា «អ្នកតំណាងពិសេសរបស់សហរដ្ឋអាមេរិក លោក គីម បានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគី នៅចំពោះមុខការបន្តការបាញ់គ្រាប់មីស៊ីលផ្លោងដែលបានបង្កអស្ថិរភាព និងខុសច្បាប់របស់កូរ៉េខាងជើង ហើយបានប្តេជ្ញាធ្វើការងារយ៉ាងជិតស្និទ្ធដើម្បីកាត់បន្ថយការគំរាមកំហែងដែលបង្កឡើងដោយសកម្មភាពសាយប័រដ៏អាក្រក់របស់កូរ៉េខាងជើង»។

លោក ណេដ បាននិយាយបន្ថែមថា «ពួកគេបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ពួកគេចំពោះមធ្យោបាយការទូត និងបានអំពាវនាវឱ្យទីក្រុងព្យុងយ៉ាងវិលត្រឡប់ទៅរកកិច្ចសន្ទនាវិញ»៕(ប្រភព យ៉ុនហាប់ បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល

kore1

Recently Posts