កុំភ្លេចយប់នេះ CBS គុនខ្មែរ នឹងធ្វើការប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់ នៅ CTN

  • Admin Page
  • July 19, 2022
  • Views 133

328c4f65-565b-4fca-8610-db47c42f1aed

CBS គុនខ្មែរ ធ្វើដំណើរដល់ការបិទបញ្ចប់យុទ្ធនាការ 4 ខែ ដោយការប្រកួតយ៉ាងស្វិតស្វាញតាំងពីវគ្គសន្សំពិន្ទុ រហូតឈានដល់វគ្គផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់ទាំងពីរប្រភេទទម្ងន់ ដែលនឹងធ្វើឡើងនៅស្ទូឌីយ៉ូ CTN ឫស្សីកែវ នៅយប់ថ្ងៃសុក្រ ទី 15 ខែកក្កដា ឆ្នាំ 2022 នេះ ចាប់ពីម៉ោង 7 យប់ដល់ 9 យប់។ ប្រិយមិត្តអាចចូលរួមទស្សនាបានផងដែរ ដូច្នេះសូមរួសរាន់ព្រោះកន្លែងមានកំណត់។

យប់នេះ កីឡាករ ផល ស៊ីឡុង នៃក្រុមខ្យាដំរីឧត្តរ នឹងត្រូវប៉ះកីឡាករ សូដា សូសែន នៃក្រុមឥន្ទ្រីអាគ្នេយ៍ ក្នុងប្រភេទទម្ងន់ 54 គីឡូក្រាម វគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមខ្សែក្រវាត់ CBS គុនខ្មែរ សម្រាប់ការប្រកួតគូទីមួយ។

រីឯគូបន្ទាប់ កីឡាករ ធន់ ស៊ីហុង មកពីក្រុមខ្យាដំរីឧត្តរ នឹងតទល់ជាមួយកីឡាករ អេរ៉ាវ៉ាន់ ចាន់រាជ មកពីក្រុមកញ្ជ្រោងបូព៌ា ក្នុងប្រភេទ 57 គីឡូក្រាម វគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមខ្សែក្រវាត់ CBS គុនខ្មែរ។

អ្នកឈ្នះទាំងពីរគូ ម្នាក់ៗនឹងទទួលបានខ្សែក្រវាត់មួយគ្រឿងពី CBS គុនខ្មែរ អមជាមួយទឹកប្រាក់ 20 លានរៀល។ ទោះជាលទ្ធផលទៅជាយ៉ាងណាក៏ដោយ ក៏ជើងឯករង ម្នាក់ៗនឹងទទួលបានទឹកប្រាក់លើកទឹកចិត្តចំនួន 10 លានរៀលផងដែរ។

សូមជម្រាបថា កាលពីសប្ដាហ៍មុន ក្នុងវគ្គផ្ដាច់ព្រ័ត្រដណ្ដើមលេខ 3 យើងបានរកឃើញកីឡាករដែលទទួលបានចំណាត់ថ្នាក់លេខ 3 រួមមាន កីឡាករ ប៊ន ពន្លឹក និង កីឡាករ ឡុង អាឆើត ដែលមកពីក្រុមទន្សោងទក្សិណ ដូចគ្នា។

ប៊ន ពន្លឹក បានយកឈ្នះលើ ផាន់ ខាំតៃ មកពីក្រុមឆ្លាមសឦសាន ដោយការសម្រេចជាឯកច្ឆន្ទ ខណៈ ឡុង អាឆើត បានផ្ដួលកីឡាករ ថា សារុន នៃក្រុមចចកបស្ចឹម ដោយការសម្រេចមិនឯកច្ឆន្ទ។

សម្រាប់ ប៊ន បន្លឹក និង ឡុង អាឆើត ម្នាក់ៗនឹងទទួលបានទឹកប្រាក់ 4 លានរៀល រីឯកីឡាករ ផាន់ ខាំតៃ និង ថា សារុន ទទួលបានម្នាក់ 2 លានរៀល ពី CBS គុនខ្មែរ។

CBS គុនខ្មែរ នឹងរៀបចំពិធីប្រគល់ខ្សែក្រវាត់ និងប្រាក់រង្វាន់ជូនដល់កីឡាករទាំងអស់ដែលបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ នៅយប់ថ្ងៃសុក្រ ទី 15 ខែកក្កដា នេះ៕


6ce4f2d6-14ea-4eef-9ad6-bdacbdad1171

 

Recently Posts