គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផារាជធានីភ្នំពេញសម្រេចកៀរគរថវិកាជូនមន្ទីរពេទ្យដោយប្រើ QR Code

  • Admin Page
  • July 26, 2022
  • Views 162

f0ac4fc9a298f8abf30d444490860d88
a9bff3769688c0146dc9e5b17036021d
31089763861700202294a3cee44a1906
855d2beda030a67a45d99ee6e0cf87e1

ភ្នំពេញ ៖ គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំរាជធានីភ្នំពេញ បានសម្រេចយកការកៀរគរ ការបរិច្ចាគថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផាតាមរយៈការប្រើប្រាស់ QR Code ។

 

រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចរួចហើយក្នុងការបង្កើតគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលមកទទួលសេវាព្យាបាលជម្ងឺនៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីឲ្យដំណើរការទទួលថវិកាពីសប្បុរសជនទៅជួយដល់មន្ទីរពេទ្យនេះបានកាន់តែខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញស្នងការនគរបាលរាជធានី មេបញ្ជាការកងរាជអាវុធហត្ថរាជធានី អាជ្ញាធរខណ្ឌទាំង១៤ មន្ទីរចំណុះឲ្យរដ្ឋបាលរាជធានី និងអង្គភាពជុំវិញ សាលារាជធានីភ្នំពេញ មកប្រជុំនៅសាលារាជធានីភ្នំពេញ ដើម្បីពិគ្រោះពិភាក្សាលើការងារនេះ ។

 

 ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ការប្រជុំនេះធ្វើឡើង ដើម្បីកៀងគររកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដោយកិច្ចបាមសម្រេចរៀបចំប្រមូលថវិកាតាមរយៈការប្រើប្រាស់ QR Code ទៅដាក់នៅតាមទីតាំងនានា នៅក្នុងរាជធានីភ្នំពេញ ដូចជាទីប្រជុំជន កន្លែងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ នៅតាមបណ្ដាក្រុមហ៊ុន តាមទីផ្សារ នៅតាមសណ្ឋាគារ និងភោជនីដ្ឋានជាដើម ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមជាថវិកាដោយស្ម័គ្រចិត្ត ជួយទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ផា ។

 

ឯកឧត្តម ឃួង ស្រេង ក្នុងកិច្ចប្រជុំនោះ ក៏បានបញ្ជាក់ផងដែរថា ការងារនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំង រហូតឲ្យអាជ្ញាធររាជធានី និងខេត្តទាំងអស់បង្កើតនូវមូលនិធិនេះឡើង ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ខណៈដែលមន្ទីរពេទ្យនេះ បានដើរតួយ៉ាងសំខាន់ ក្នុងការជួយដល់ប្រជាពលរដ្ឋក្រីក្រនៅតាមរាជធានីខេត្តទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា។ 

 

ឯកឧត្តម ឃួង ស្រេង ក៏បានសង្កត់ធ្ងន់ផងដែរថា ការងារនេះ ត្រូវតែធ្វើឡើងដោយការស្ម័គ្រចិត្ត មិនមានការបង្ខិតបង្ខំ ដូច្នេះសូមអាជ្ញាធរខណ្ឌ ក៏ដូចជាអង្គភាពពាក់ព័ន្ធទាំងអស់ត្រូវតែយកចិត្តទុកដាក់ដើម្បីអនុវត្ត គឺមិនបង្ខិតបង្ខំ ធ្វើឡើងដោយការស្ម័គ្រចិត្ត របស់បុគ្គលនីមួយៗ ហើយត្រូវបន្តការផ្សព្វផ្សាយការងារនេះឱ្យកាន់តែជ្រួតជ្រាបទៅដល់មន្ត្រីក្រោមឱវាទ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីឲ្យពួកគាត់បានស្ម័គ្រចិត្តចូលរួមទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា។

 

គួរបញ្ជាក់ថា គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំរាជធានីភ្នំពេញ ត្រូវបានបង្កើតឡើង ដោយមាន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាប្រធាន លោក កើត ឆែ អភិបាលរងរាជធានី និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាអនុប្រធាន ស្នងការនគរបាលរាជធានី មេបញ្ជាការកងរាជអាវុធហត្ថរាជធានី អភិបាលខណ្ឌទាំង១៤ មន្ទីរចំណុះឲ្យរដ្ឋបាលរាជធានី និងអង្គភាពជុំវិញ សាលារាជធានីភ្នំពេញ គឺជាសមាជិក។

 

គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំរាជធានីភ្នំពេញ មានតួនាទី និងភារកិច្ចផ្សព្វផ្សាយ អំពាវនាវ និងបំផុសចលនាកៀរគរការបរិច្ចាគពីមន្ត្រីគ្រប់ជាន់ថ្នាក់ចំណុះរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីគាំទ្រកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ។ រាយការណ៍អំពីវឌ្ឍនភាពនៃការចូលរួមបរិច្ចាគ និងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះសប្បុរសជន ដែលចូលរួមបរិច្ចាគរួមមាន ឈ្មោះ ភេទ ចំនួនថវិកាបរិច្ចាគ និងលេខទូរស័ព្ទរបស់សប្បុរសជនមកលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបូកសរុប និងផ្សព្វផ្សាយជាសាធារណៈឲ្យបាន ទាន់ពេល ក្នុងគោលដៅធានាតម្លាភាព និងទំនុកចិត្តសាធារណជន និងបំពេញការងារផ្សេងទៀតតាមការណែនាំរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ៕​អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

Recently Posts