ក្រសួងសេដ្ឋកិច្ច និងអាជ្ញាធរខេត្ត កំពុងរកដំណោះស្រាយ អគារសាងសង់មិនរួចនៅខេត្តព្រះសីហនុ

  • Admin Page
  • July 29, 2022
  • Views 155

ព្រះសីហនុ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្កើតក្រុមការងារ និងមានគណៈកម្មាធិការត្រួតពិនិត្យ វាយតម្លៃ ដើម្បី​ដោះ​ស្រាយ នឹងកៀរគរស្វែងរកអ្នកវិនិយោគថ្មីអភិវឌ្ឍន៍បន្ត ដើម្បីស្រាយបញ្ហា​សំណង់​អគារជាច្រើន ដែល​សាងសង់​មិនទាន់រួចជាច្រើននៅខេត្តព្រះសីហនុ ។

 

ឯកឧត្តម មាស សុខ សេនសាន អ្នកនាំពាក្យ និងជាអគ្គលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​ថ្លែង​ប្រាប់ភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២២ នេះថា ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង​ជម្រុញ​អភិវឌ្ឍន៍​សំណង់ទាំង​នោះ​ឡើងវិញ ដើម្បី​លម្អ​សោភ័ណ​ទីក្រុង​ ជាពិសេសដើម្បីទាក់ទាញអ្នកវិនិយោគ ឲ្យមកបណ្តាក់​ទុន​កាន់តែច្រើននៅព្រះរាជាណាចក្រកម្ពុជា ។

 

បច្ចុប្បន្នក្រសួង កំពុង​សស្រាក់សស្រាំ​ បង្កើតក្រុមការងារ និងមានគណៈកម្មាធិការចុះត្រួតពិនិត្យ និង​វាយ​តម្លៃ​លើ​ស្ថានភាពសំណង់ទាំងនោះ ​ដើម្បីដោះស្រាយ នឹងកៀរគរស្វែងរកអ្នក​វិនិយោគថ្មី​អភិវឌ្ឍន៍បន្ត។

 

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ ថ្លែងឲ្យដឹថា អគារសំណង់សាងសង់មិន ទាន់រួច ​នៅ​ខេត្ត​ព្រះសីហនុ មានចំនួនជាង​ ១ ពាន់​អគារ ​ដោយ​សំណង់​ទាំងនោះ គឺ​បាន​សាងសង់ រួចក្នុងរង្វង់ប្រមាណ​ពី ៥០ ទៅ ៦០ ភាគរយ។ ​បើសំណង់អគារនេះត្រូវបានដោះស្រាយ និង​សាងសង់ឡើងវិញ វានឹង​បានចូលរួមចំណែកយ៉ាង​ធំ​នៅក្នុងសេដ្ឋកិច្ច ព្រមទាំង​បាន​ផ្តល់​ការងារ​ជាច្រើនដល់ប្រជាពលរដ្ឋ ​និងបាន​ទាក់​ទាញ​អ្នកទេសចរណ៍ ចូលមកទស្សនា​ក​ម្សាន្ត​ព្រះរាជាណាចក្រ​កម្ពុជា​ ជាពិសេសនៅខេត្តព្រះសីហនុ។

 

សូមបញ្ជាក់ថា ទាក់ទងការអភិវឌ្ឍន៍វិស័យវិស័យសំណង់ ​នៅខេត្តព្រះសីហនុ​ គិតចាប់តាំងពីឆ្នាំ ២០១៧ ដល់​ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះ​ មានសំណង់សរុប ១ ៦៦១ គម្រោង និងមានទុន​វិនិយោគ​ប្រមាណជាង ៨ ៤០០ លានដុល្លារអាមេរិក,​ ក្នុងនោះសំណង់​អគារខ្ពស់ចាប់ពី ​៥ ជាន់ រហូតដល់ ៥៣ ជាន់ ​គឺមានចំនួន ៦២០ គម្រោង ​​ក្នុងនោះចំពោះអគារដែលជាប់គាំងមិនមានការអភិវឌ្ឍ មាន​ចំនួន ជាង១ ១០០ អគារ ៕អត្ថបទ៖ សុន រ៉ាឌី

3700f754afd277fddf5c3c8aa0ee4fd1
Recently Posts