បើកបររថយន្តក្នុងល្បឿនលឿន ជ្រុលទៅបុករនាំងថ្មពុះចែកទ្រូងផ្លូវ ខ្ទាតទៅប៉ះម៉ូតូនារីម្នាក់រងរបួសធ្ងន់ នៅខណ្ឌចំការមន

  • Admin Page
  • February 24, 2023
  • Views 403

63f832aaa120f-jpeg
63f832aa92a41-jpeg
63f832aa5c338-jpeg
63f832aa407e1-jpeg
63f832aa86689-jpeg

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តទំនើបក្នុងល្បឿនលឿន បានរេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវដួលអស់ចំនួន ២ផ្ទាំង និងខ្ទាតទៅប៉ះស្ត្រីម្នាក់កំពុងជិះម៉ូតូ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរបញ្ជូនទៅសង្រោះភ្លាមៗ កាលពីវេលាម៉ោង ១:២០ នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រង់ចំណុចខាងមុខស្ថានទូតវៀតណាម តាមបណ្ដោយផ្លូវមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

 

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តស៊េរីទំនើបម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AR- 6922 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថីព្រះមុនីវង្ស ទិសដៅពីស្តុបបូកគោ ឆ្ពោះទៅកាន់ស្ពានអាកាសក្បាលថ្នល់។ នៅពេលធ្វើដំណើរដល់ត្រង់ចំណុចកើតហេតុខាងមុខស្ថានទូតវៀតណាម ដោយរថយន្តបើកបរក្នុងស្ថានភាពល្បឿនលឿន ក៏បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវដួលអស់ចំនួនពីរផ្ទាំង ខ្ទាតទៅប៉ះស្ត្រីម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ចំផ្ទៃមុខដាច់ហូរឈាម និងបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យ។ រីឯរថយន្តវិញបានក្រឡាប់ផ្ងារជើងខូចខាតទាំងស្រុង តែអ្នកបើកបររបួសស្រាល។

 

ភ្លាមៗនោះក៏មានវត្តមានរបស់កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន បានចុះទៅទីតាំងចំណុចកើតហេតុ ដើម្បីធ្វើការអន្តរាគមន៍ និងរាយការណ៍បន្តទៅសម្ថកិច្ចជំនាញផ្នែកចរាចរណ៍ចុះមកធ្វើការត្រួតពិនិត្យបន្ថែមទៀតផងដែរ។

 

ក្រោយកើតហេតុ រថយន្តត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែង និងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយតាមនីតិវិធីច្បាប់៕

 

ដោយ៖ ឌីយ៉ាម៉ង់

Recently Posts