បេសកជនថ្មីរបស់សហរដ្ឋអាមេរិកប្រចាំទីក្រុងសេអ៊ូល ប្តេជ្ញាពង្រីកសម្ព័ន្ធភាព

  • Admin Page
  • July 14, 2022
  • Views 144

AKP ភ្នំពេញថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ -

កាលពីថ្ងៃពុធ ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំនៅប្រទេសកូរ៉េខាងត្បូងបានប្តេជ្ញាថានឹងធ្វើការឆ្ពោះទៅរកការពង្រឹង និងពង្រីកសម្ព័ន្ធភាពរបស់ប្រទេសទាំងពីរដោយផ្អែកទៅលើគុណតម្លៃរួម ខណៈដែលលោកបានបង្ហាញថា មិនមានដៃគូមួយណាល្អជាងទីក្រុងសេអ៊ូលនោះទេ។

លោក ហ្វ៊ីលីព ហ្គោលបឺក បានធ្វើការកត់សម្គាល់ខាងលើនេះនៅក្នុងសុន្ទរកថារបស់លោកក្នុងអំឡុងពេលទទួលបដិសណ្ឋារកិច្ចនៃឱកាសប្រារព្ធទិវាឯករាជ្យជាតិរបស់សហរដ្ឋអាមេរិកនៅឯគេហដ្ឋានរបស់លោកនៅកណ្តាលទីក្រុងសេអ៊ូល នៅត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកបានទៅដល់ប្រទេសកូរ៉េខាងត្បូងដើម្បីចាប់ផ្តើមកាតព្វកិច្ចរបស់ខ្លួន។

លោក ហ្គោលបឺក បាននិយាយថា «យើងនឹងបន្តពង្រីកសម្ព័ន្ធភាពសន្តិសុខដែកថែបដែលយើងបានកសាងឡើងជាង ៧០ឆ្នាំកន្លងមកនេះ និងបណ្តាញនៃភាពជាដៃគូសេដ្ឋកិច្ចដែលមានស្រាប់របស់យើងដើម្បីបង្កើតអ្វីដែលថ្មី សម្ព័ន្ធយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលចាក់ឫសយ៉ាងរឹងមាំនៅក្នុងគុណតម្លៃរួមនៃការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងសិទ្ធិមនុស្ស។

លោកបានកត់សម្គាល់ថា អាទិភាពនៃសម្ព័ន្ធភាពសម្រាប់សហរដ្ឋអាមេរិកត្រូវបានចាក់ឫសនៅក្នុងគុណតម្លៃមូលដ្ឋានរបស់ប្រទេសនេះ ហើយលោកបាននិយាយបន្ថែមថា មិនមានដៃគូណាល្អជាងកូរ៉េខាងត្បូងក្នុងការស្វែងរកគុណតម្លៃទាំងនោះនោះទេ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលកាលពីខែឧសភារវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងសមភាគីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគីទៅជាសម្ព័ន្ធភាពយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាសកល។

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក ផាក ជីន ដែលមានវត្តមាននៅក្នុងព្រឹត្តិការណ៍កាលពីថ្ងៃពុធនោះដែរ បាននិយាយថា ប្រទេសទាំងពីរ គឺស្ថិតនៅចំណុចមួយដែលពួកគេអាចចាប់ផ្តើមជំពូកបន្ទាប់នៅក្នុងប្រវត្តិសាស្ត្រនៃសម្ព័ន្ធភាពជោគជ័យរបស់ប្រទេសទាំងពីរ។

លោកបាននិយាយថា «យើងកំពុងប្រឈមមុខនឹងការគំរាមកំហែងផ្នែកសន្តិសុខ ដោយមិនត្រឹមតែពីប្រទេសកូរ៉េខាងជើងប៉ុណ្ណោះទេ ថែមទាំងបញ្ហាប្រឈម និងវិបត្តិនានាក្នុងពេលដំណាលគ្នាផងដែរ ដូចជាបញ្ហាជំងឺរាតត្បាត និងបញ្ហាថាមពល និងសន្តិសុខជាដើម។ វិបត្តិទាំងនេះអាចជំនះបានតាមរយៈសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក»៕(ប្រភព យ៉ុនហាប់ បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល

world_(1)

Recently Posts