អង្គភាពការពារកុមារ ប្តេជ្ញាបញ្ឈប់អំពើឃាតកម្ម និងទារុណកម្មលើកុមារនៅកម្ពុជា បន្ទាប់ពីករណីឃាតកម្មលើកុមារនៅខេត្តកំពង់ស្ពឺដ៏រន្ធត់

  • Admin Page
  • August 03, 2022
  • Views 263

62e7714a95052
62e77141e4933
62e7714a7e4cb
62e7714a89465
62e7714aa509d
62e7714aa0875

ភ្នំពេញ៖ បន្ទាប់ពីមានករណីធ្វើទារុណកម្មលើកុមារអាយុ ៥ខែ រហូតដល់ស្លាប់ ដោយសារឪពុកញៀនថ្នាំ នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ អង្គភាពការពារកុមារ(CPU) បានចាត់ទុកការស្លាប់របស់កុមាររូបនេះគឺ ជាការដ៏រន្ធត់ និងព្រៃផ្សៃបំផុត។

 

អង្គភាពការពារកុមារ បានប្តេជ្ញាដើម្បីបញ្ឈប់រឿងហេតុរបស់កុមាររងគ្រោះ មិនឱ្យកើតឡើងទៅលើកុមារដទៃទៀតនៅថ្ងៃខាងមុខ។ ការនេះCPU បានអះអាងថា នឹងចាប់ផ្តើមធ្វើការសិក្សាស្រាវជ្រាវ និងសហការជាមួយអន្តរក្រសួង និងរាយការណ៍ជូនរាជរដ្ឋាភិបាលកម្ពុជាអំពី មធ្យោបាយឆ្លើយតបដើម្បីបញ្ឈប់រឿងទាំងនេះ និងធ្វើយុទ្ធនាការប្រឆាំងអំពើហឹង្សាលើកុមារ នៅតាមសហគមន៍នាៗ។

 

CPU បានចាត់ទុកករណីស្លាប់ដ៏សង្វេករបស់កុមារអាយុ ៥ខែ ឈ្មោះធី កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ជាការស្លាប់ដ៏រន្ធត់ និងព្រៃផ្សៃបំផុត ដោយសារតែភ្លាមៗត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ ហើយក៏បានបានបញ្ជូនទៅទទួលការព្យាបាលបន្តនៅមន្ទីពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ ក៏ប៉ុន្តែកុមារឈ្មោះធី អាយុត្រឹមតែ ៥ខែ មិនបានទៅដល់មន្ទីពេទ្យឡើយ ដោយបានស្លាប់នៅតាមផ្លូវ។

 

បន្ទាប់ពីបានទទួលដំណឹងអំពីករណីនេះ CPU បានបញ្ជូនក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្ត្រ (FST) ដោយមានកិច្ចសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចុះទៅពិនិត្យកន្លែងកើតហេតុស្ថិតនៅក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ពេលនោះម្តាយរបស់សាកសពបានដាក់ពាក្យបណ្តឹងនៅអធិការដ្ឋានស្រុក ដោយបានរៀបរាប់ថា កុមាររងគ្រោះតែងតែរងនូវការហឹង្សា ដោយនៅថ្ងៃទី៣០ គាត់បានចេញទៅស្ទូងស្រូវ ហើយពេលដែលត្រឡប់មកផ្ទះវិញ ក៏បានឃើញកុមារមានអការៈមិនស្រួល និងមានរបួសមួយចំនួន ក៏បានបញ្ជូនទៅមន្ទីពេទ្យដើម្បីទទួលការព្យាបាល ក៏ប៉ុន្តែមិនទាន់ពេល។

 

ការពិនិត្យកោសល្យវិច័យទៅលើសាកសពត្រូវបានធ្វើឡើង ពេលនោះទើបមន្ត្រីជំនាញបានឃើញពីភាពឃោឃៅពិតប្រាកដដែលបានប្រព្រឹត្តទៅលើកុមារនេះ។ កុមាររងគ្រោះបានរងរបួសធ្ងន់ធ្ងរជាច្រើនដែលមិនអាចកើតឡើងដោយចៃដន្យ ហើយរបួសទាំងនេះជាមូលហេតុបង្កឱ្យស្លាប់។ ចំណុចដែលមន្ត្រីជំនាញបានកត់សម្គាល់គឺ ស្នាមរបួស, សម្លាក, ស្នាមរលាក និងរបួសបាក់ឆ្អឹង ជាច្រើននៅលើដងខ្លួន ដែលបង្ហាញពីទារុណកម្មដែលបានប្រព្រឹត្តទៅលើកុមាររងគ្រោះនៅក្នុងរយៈពេលយ៉ាងខ្លីនេះ ហើយជាចុងក្រោយក៏ឈានទៅដល់ការស្លាប់។

 

ករណីឃាតកម្មនេះ បុរសអាយុ ២៩ឆ្នាំម្នាក់ និងត្រូវជាឪពុកក្មេងរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ហើយនឹងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺនៅក្នុងថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ដើម្បីទទួលទោសពីបទឃាតកម្មដោយចេទនា និងបទល្មើសទារុណកម្មទៅលើកុមារ៕

Recently Posts